
ពួកយើងរស់នៅក្នុងពេលវេលាមួយដែលអ្វីៗគ្រប់យ៉ាងក៏អាចកើតឡើង និងទៅរួចបាន។ ថ្ងៃណាមួយយើងអាចនឹងជួបប្រទះ ឬស្ថិតនៅក្នុងស្ថានភាពមួយដូចក្នុងខ្សែភាពយន្តអុីចឹង។ ផ្នែកដ៏ល្អបំផុត និងអាក្រក់បំផុត គឺថាអ្នកមិនធ្លាប់ ឬអាចបានដឹងនៅពេលណាហេតុការណ៍ស្មានមិនដល់នឹងកើតឡើង។ ទោះជាយ៉ាងណា យកល្អអ្នកគួរចេះរៀបចំ ប្រុងបៀបខ្លួនទុកជាមុនគ្រប់ពេល។ខាងក្រោមជាវិធីដ៏មានប្រសិទ្ធភាពមួយចំនួនដែលអ្នកគួរតែដឹងជៀសវាងការមិនដឹងថាធ្វើយ៉ាងណាក្នុងពេលស្ថិតក្រោមស្ថានភាពអាសន្នណាមួយ ៖
១. បញ្ឈប់រថយន្តនៅពេលហ្វ្រាំងខូច ៖ ស្ថិតក្នុងស្ថានភាពបែបនេះ អ្នកត្រូវចាប់ផ្ដើមជាន់ដកៗឈ្នាន់ហ្វ្រាំងរថយន្តឲ្យញាប់ហើយខ្លាំង ដើម្បីបង្ក់ើតសម្ពាធប្រេងហ្វ្រាំង។ ប្រសិនបើវិធីនេះមិនអាចជួយបាន អ្នកត្រូវប្រើប្រាស់ហ្រ្វាំងដៃម្ដង។ ប៉ុន្តែប្រសិនបើវិធីនេះនៅតែមិនអាចជួយបានទៀតនោះ ចូរអ្នកបញ្ជារថយន្តឲ្យបុកជាមួយនឹងរនាំង ដើម្បីបន្ថយល្បឿន។ គួរបញ្ជាក់ផងដែរថា វិធីចុងក្រោយនេះនឹងធ្វើឲ្យរថយន្តមានការខូចខាត ដូច្នេះអ្នកគួរយកវាមកប្រើជាមធ្យោបាយតែនៅក្នុងពេលណាដែលអ្នកគ្មានជម្រើសល្អអ្វីផ្សេង។
២. បង្កាត់ភ្លើង ដោយមិនចាំបាច់ប្រើធនធានអ្វីច្រើន ៖ អ្វីដែលអ្នកត្រូវការនោះ គឺថ្មពិល និងក្រដាសអាលុយមីញ៉ូម ២ សន្លឹកតូចៗ (ប្រើក្រដាសអាលុយមីញ៉ូមដែលរុំពីក្រៅស្ករកៅស៊ូក៏បាន)។ អ្នកត្រូវដាក់ក្រដាសអាលុយមីញ៉ូមនៅចុងសងខាងនៃថ្មពិល បន្តិចក្រោយមកក្រដាសនឹងឡើងក្ដៅ ហើយឆេះ។
៣. លេខទូរស័ព្ទសង្គ្រោះបន្ទាន់ ៖ ទូរស័ព្ទភាគច្រើន គឺអាចទូរស័ព្ទទៅកាន់លេខសង្គ្រោះបន្ទាន់ឬលេខអាសន្នក្នុងតំបន់បាន ទោះជាទូរស័ព្ទគ្មានស៊ីម។ ដូច្នេះ បើទោះជាអ្នកស្ថិតនៅក្នុងតំបន់ដែលមិនមានសេវាទូរស័ព្ទក៏ដោយ ចូរកុំបិទទូរស័ព្ទរបស់អ្នក។ ការប៉ុនប៉ងហៅទូរស័ព្ទទៅលេខសង្គ្រោះបន្ទាន់អាចបញ្ជូនខ្សែអេឡិចត្រូនិចដែលអនុញ្ញាតឱ្យអ្នកជួយសង្គ្រោះដឹងថាអ្នកនៅរស់រានមានជីវិតនៅឡើយ។
៤. របៀបបង្កើតឧបករណ៍បន្សុទ្ធទឹក ៖ អ្នកអាចបង្កើតឧបករណ៍ច្រោះទឹកបានដោយគ្រាន់តែប្រើប្រាស់ដបទទេមួយ ក្រួសល្អិត ខ្សាច់លាយក្រួស ធ្យូង និងខ្សាច់ម៉ត់ (ដាក់លើគេ)។ ទឹកនឹងត្រូវច្រោះស្អាត នៅពេលដែលហូរកាត់ស្រទាប់ទាំងនោះ។
៥. បញ្ជូនសញ្ញាអាសន្ន ៖ សញ្ញាភ្លើងអាសន្ន គឺជាមធ្យោបាយមួយដែលបង្កើតឲ្យមានផ្សែងជាច្រើន។ វិធីបង្កើតភ្លើងអាសន្ន គឺងាយស្រួលណាស់ ដោយអ្នកគ្រាន់តែដុតស្លឹកឈើស្រស់ ស្លឹកឈើសើម ជ័រ កៅស៊ូ មកដុតជាការស្រេច។ វិធីមួយទៀតដើម្បីបញ្ជូនសញ្ញាអាសន្ន គឺប្រើវត្ថុដែលឆ្លុះបានដូចជា កញ្ចក់ បន្ទះស៊ីឌី គ្រឿងអលង្ការ ជាដើម។
៦. ជៀសឆ្ងាយពីសត្វល្អិតមានពិស ៖ អ្នកប្រហែលជាមិនចាំបាច់ព្រួយបារម្ភច្រើនពេកអំពីការខាំរបស់សត្វពីងពាងធម្មតាមួយក្បាលឡើយ លើកលែងតែអ្នកមានប្រតិកម្ម។ ប្រតិកម្ម ឬអាឡែកស៊ីដែលបណ្ដាលមកពីពីងពាងមានពិសខ្លាំង គឺធ្វើឲ្យឈឺណាស់។ ឧទាហរណ៍ពិសរបស់សត្វពីងពាងមេម៉ាយខ្មៅដែលជាសត្វពីងពាងដែលមានពិសខ្លាំង ភ្លាមៗបន្ទាប់ពីការខាំនៃសត្វនេះអ្នកនឹងចាប់ផ្ដើមឈឺចាប់ត្រង់កន្លែងខាំនោះតែម្ដង ហើយក្រោយមកការឈឺចាប់នឹងរាលដាលទៅផ្នែកផ្សេងទៀតនៃរាងកាយដូចជា ទ្រូង និងពោះ។ អ្នកអាចសម្គាល់ថាជា ពីងពាងមេម៉ាយខ្មៅ តាមរយៈរូបរាងពណ៌ខ្មៅ ហើយចំណុចពណ៌ក្រហមនៅលើផ្ទៃខាងក្រៀមនៃពោះរបស់វា។
៧.គេចចេញពីចរន្តទឹកហូរទាញឆ្ពោះទៅក្រោមសមុទ្រ (ចរន្តទឹកកាច់) ៖ ប្រសិនបើអ្នកប្រទះឃើញថាខ្លួនឯងកំពុងជាប់ក្នុងចរន្តទឹកហូរ កុំស្លន់ស្លោរ។ កុំព្យាយាមហែលត្រង់ឆ្ពោះទៅច្រាំង ប៉ុន្តែត្រូវធ្វើចលនាហែលតាមអង្កត់ទ្រូង ឬស្របទៅនឹងវារួចសន្សឹមៗទៅរកច្រាំង។ ចរន្តទឹកនឹងរលាយនៅត្រង់ចំណុចណាមួយហើយវានឹងមិនទាញអ្នកចុះក្រោមឡើយ។
៨. កុំបឺត ឬជញ្ជក់យកពិសពស់ចេញ ៖ បើទោះវាជាអ្វីដែលយើងធ្លាប់បានឃើញនៅលើកញ្ចក់ទូរទស្សន៍ក៏ដោយ ក៏ការជញ្ជក់យកពិសនេះមិនមែនជាគំនិតល្អដែលអ្នកគួរធ្វើតាមឡើយ។ វាអាចមានគ្រោះថ្នាក់ដោយវាអាចបង្កឲ្យពិសកាន់តែរីករាលដាល ហើយបណ្ដាលឲ្យស្បែកដែលនៅជុំវិញកន្លែងរបួសត្រូវទទួលរងការខូចខាត។
ប្រភព ៖ Brightside, and copy from komsan.khmernotes.com
No Comments